Thursday, November 19, 2015

តាកែវ ៖ ឪពុកម្តាយ​ពីរ​នាក់ ជា​មេខ្លោង​បញ្ជា​ឲ្យ​ជះ​ទឹក​អាស៊ីត ត្រូវបាន​នគរបាល​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ដីកា​របស់​តុលាការ​។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល ត្រូវបាន​ដោះលែង​វិញ បន្ទាប់ពី​មានការ​ធានា​អះអាង​ពី​មេធាវី​អមដោយ​ដីកា​របស់​សាលាឧទ្ធរណ៍​មួយ​សន្លឹក​។​
​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងទៅ​មាន​ករណី​ជះ​ទឹក​អាស៊ីត​មួយ​បានកើត​ឡើង នៅ​ផ្សារ​ទម្លាប់ ស្រុក​គីរីវង់ ខេត្តតាកែវ បង្កឡើង​ដោយ​ជនដៃដល់ ៤​នាក់ ឪពុកម្តាយ និង​កូន​២​នាក់ បណ្តាល​ឲ្យ​ស្រី្ត​មាន​ផ្ទៃពោះ​២​ខែ​ម្នាក់ រងរបួស​ធ្ងន់ និង​កូនស្រី​អាយុ​២​ឆ្នាំ ម្នាក់ទៀត​រងរបួស​ផងដែរ​។ បន្ទាប់ពី​កើតហេតុ ជនដៃដល់​២​នាក់​បងប្អូន បាន​រត់គេចខ្លួន ហើយ​តុលាការ បាន​កោះហៅ​ឪពុកម្តាយ​ជា​អ្នកបញ្ជា​ឲ្យ​កូន​ជា​អ្នក​ជះ​ទឹក​អាស៊ីត​ចូល​បំភ្លឺ​។ ប៉ុន្តែ​ក្រោយមក​អ្នក​ទាំងពីរ ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ទិន សុចិ​ត្រា ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។​
​លោក លុយ សុ​វណ្ណា​រ័ត្ន ប្តី​ស្ត្រី​រងគ្រោះ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​ថា នគរបាល​ខេត្តតាកែវ បាន​ចាប់ខ្លួន​ឪពុកម្តាយ​ពីរ​នាក់​នេះ​។ ពួកគេ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។ លោក លុយ សុ​វណ្ណា​រ័ត្ន បន្តថា នៅ​ល្ងាច​ថ្ងៃ​ដដែល ពួកគេ​ត្រូវបាន​ដោះលែង​វិញ​។ លោក​ចាត់ទុកជា​ភាពអយុត្តិធម៌​បំផុត ចំពោះ​ការដោះលែង​ជនល្មើស​នេះ​។​
​ក្នុង​រឿង​ដដែល​នេះ លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​និយាយថា លោក​បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ទៅលើ​ជនល្មើស​២​នាក់ ជា​បងប្អូន​បង្កើត​នឹង​គ្នា ករណី​ជះ​ទឹក​អាស៊ីត នៅ​ផ្សារ​ទន្លាប់ ខេត្តតាកែវ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​កូនស្រី​អាយុ​២​ឆ្នាំ រងរបួស​ស្រាល​។ ជនល្មើស​ទាំង​២​នាក់ បាន​រត់គេចខ្លួន ខណៈ​បច្ចុប្បន្ន​សំណុំ​រឿងនេះ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ លោកស្រី អ៊ិន ម៉ា​និត្យ ជា​អ្នកចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។
លោក​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ ដេ​ង លក្ខិណា ត្រូវបាន​ចោទប្រកាន់​១​បទល្មើស តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​អាស៊ីតខ្លាំង​។ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ ដេ​ង មាស ត្រូវបាន​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​តាម​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​អាស៊ីតខ្លាំង និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។​
​ដោយឡែក ស្ត្រី​រងគ្រោះ​ឈ្មោះ មួង ស្រីមុំ បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា អ្នកស្រី​មានការ​ឈឺចាប់​ដោយសារ​មុខរបួស​ខ្លាំងណាស់ ចង់តែ​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ឲ្យ​ស្លាប់​តែម្តងទៅ​។ ប៉ុន្តែ​ដោយសារ​អាណិត​កូនតូច ចេះតែ​ទ្រាំរ​ស់ទាំង​ឈឺចាប់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ៕​

មេខ្លោង​បញ្ជា​ឲ្យ​ ជះ​ទឹក​អាស៊ីត​ ត្រូវ​ដោះលែង​ ជា​លើក​ទី​ពីរ​

  • Views:
  •  
    Copyright © Animal Amazing | Designed by Templateism.com | WPResearcher.com